ក្រសួងបរិស្ថាន និងធនាគារពិភពលោក បន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោកស្រី Ms. Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Mr. Jean-Dominique Bescond ជាអ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំ ថ្មី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងការគាំទ្របន្ថែមលើវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។

លោកស្រី Ms. Tania Meyer បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើមុំអាទិភាព៣ គឺ ស្អាត បៃតង និងចីរភាព។
លោកស្រីបានបញ្ជាក់ថា ធនាគារពិភពលោកនៅតែ បន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់កម្ពុជា ក្នុងគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះដែរ លោក Mr. Jean-Dominique Bescond បានលើកឡើង ការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីជំរុញការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃគម្រោង CSLEP មិនត្រឹមតែជួយការពារគម្របព្រៃឈើ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមគាំទ្រការអភិវឌ្ឍ «គោលដៅលំហែបៃតង» ដែលបង្កើតមុខរបរថ្មី បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ផ្ទាល់៕
