ព័ត៌មានជាតិ

សម្ដេចធិបតី សង្ឃឹមថា សង្គ្រាមឈ្លានពាន និងទឹកជំនន់ នឹងបញ្ចប់ឆ្នាំ២០២៦ ហើយនាំមកនូវសេចក្ដីសុខទូទាំងប្រទេស

បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានក្ដីសង្ឃឹមថា សង្គ្រាមឈ្លានពាន និងបញ្ហាគ្រោះទឹកជំនន់ នឹងបញ្ចប់ក្នុងឆ្នាំ២០២៦នេះ ហើយឆ្នាំ២០២៧ ខាងមុខ នឹងនាំមកនូវសេចក្ដីសុខ និងភាពរីកចម្រើនទូទាំងប្រទេសកម្ពុជាផងដែរ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី បន្ដថា ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តតាមព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ បានប្រឈមនៅបញ្ហាដែលមិនបានព្យាករទុក ហើយមានបញ្ហាធំៗជាច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្នុងនោះបញ្ហាធំពេលដែលយើងមាន ទីមួយបញ្ហាសង្គ្រាមឈ្លានពានដែលកើតមាន ដែលប៉ះពាល់ទៅដល់បណ្ដាលស្រុកនៅតាមបណ្ដាលព្រំដែន សេដ្ឋកិច្ចតាមព្រំដែន ហើយទី២ ទឹកជំនន់»។

សម្ដេចធិបតី បន្ថែមថា «អញ្ចឹងខេត្តជួរមុខ ដែលត្រូវប្រឈមផ្ទាល់ជាមួយបញ្ហានេះ ហើយប្រជាជនអ្នកបាត់ដំបង ក៏ជាអ្នកប្រឈមផ្ទាល់ជាមួយនឹងកិច្ចការ និងបញ្ហា ដែលយើងមិនរំពឹងទុក នៅក្នុងឆ្នាំ២០២៥ ២០២៦ ហើយសង្ឃឹមថា ២០២៦ នេះ គឺបញ្ចប់ឱ្យអស់ នៅអ្វីដែលអាក្រក់ ២០២៧ នឹងនាំមកនូវសេចក្ដីសុខ និងការរីកចម្រើន ដល់អ្នកខេត្តបាត់ដំបង នឹងទៅដល់ទូទាំងប្រទេសរបស់យើង»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា មិនអាចត្រឹមតែបន់ស្រន់នោះទេ ត្រូវខិតខំថែរក្សាការពារ កុំឲ្យភាពឈឺចាប់ទាំងនេះ កើតឡើងវិញទៀត ដោយដាក់ចេញនូវវិធីសាស្ត្រដោះស្រាយ និងបន្តខិតខំពង្រឹងខ្លួនឯង លើគ្រប់វិស័យ៕

To Top