សម្ដេចធិបតី ៖ ការចុះវាស់បង្គោលព្រំដែន កម្ពុជា-ថៃ ឱ្យ AOT ចូលរួម
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមធ្វើជាសាក្សី ក្នុងការចុះវាស់វែងព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃភាគីទាំងសងខាងចូលរួម ធ្វើជាសាក្សីក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ នៅពេលខាងមុខ ដើម្បីធានានូវតម្លាភាព និងភាពត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។
សម្តេចធិបតីបញ្ជាក់ថា កម្ពុជាគ្មានអ្វីត្រូវលាក់បាំង នោះឡើយ ដោយកន្លងមកកម្ពុជា បានសម្របសម្រួលនាំក្រុម AOT និងអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (UN) ផ្នែកសិទ្ធិមនុស្ស ចុះពិនិត្យដោយផ្ទាល់នៅគ្រប់ទីតាំងទាំងអស់ រួមទាំងតំបន់ចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ និងទីតាំងដែលមានបញ្ហាយោធាថៃឈរជើងគ្រប់គ្រងហួសខ្សែព្រំដែន។
សម្តេចនាយករដ្ឋមន្រ្តីស្នើឱ្យមានការវាស់វែងព្រំដែនឱ្យបានចប់សព្វគ្រប់ ដោយផ្អែកលើអនុសញ្ញា និងសន្ធិសញ្ញាដែលបានឯកភាពគ្នាកាលពីជាង ១០០ឆ្នាំមុន តាមរយៈគណៈកម្មការដែលបានឯកភាពគ្នា ហើយនៅពេលចុះវាស់វែងលើកក្រោយ ត្រូវមានវត្តមានក្រុម AOT ទាំងសងខាងចូលរួមពិនិត្យ និងធ្វើជាសាក្សីផ្ទាល់។
សម្តេចធិបតីបន្ថែមថា “ពេលវាស់វែងលើកក្រោយសូមឱ្យ AOTទាំងសងខាងចូលជាសាក្សី ដើម្បីត្រួតពិនិត្យមើលព្រោះគាត់មានភារកិច្ចពិនិត្យមើល ។ យើងក៏បាននាំ AOTទៅមើលគ្រប់កន្លែង”។
ទន្ទឹមនឹងនោះ សម្តេចធិបតី បានមានប្រសាសន៍ថា គ្មានសង្គ្រាមណាបញ្ចប់ដោយសង្គ្រាមនោះទេ សូម្បីតែសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ក៏មិនអាចបញ្ចប់បានដោយគ្រាប់កាំភ្លើងដែរ គឺបញ្ចប់ដោយ «នយោបាយឈ្នះ-ឈ្នះ»៕
