លោក ឃួង ស្រេង ជឿជាក់ថារថយន្តឈ្នួល នឹងមិនឡើងថ្លៃឡើយ ដោយសារពលរដ្ឋ ងាកមកប្រើរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃ ដឹកពលរដ្ឋក្នុងឱកាសភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជឿជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ តម្លៃនៃការធ្វើដំណើរ តាមរយៈរថយន្តឈ្នួលឯកជន សម្រាប់ប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្ដាខេត្ត នឹងមិនឡើងថ្លៃឡើយ ដោយសារកត្តាពលរដ្ឋជាច្រើនងាកមក ទទួលសេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ។

ក្នុងឱកាសជូនដំណើរប្រជាពលរដ្ឋ ចេញដំណើរថ្ងៃដំបូង នៃការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ លោក ឃួង ស្រេង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែទទួលនូវការណែនាំ និងអនុសាសន៍ដឹកនាំរបស់សម្តេចទាំងទ្វេ ពោលអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន និងនៅក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តនូវប្រពៃណី និងការថែទាំ ពូនជ្រុំ មើលថែទាំប្រជាពលរដ្ឋ តាមគោលការណ៍របស់សម្តេចតេជោ ដោយឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្ត ក្រុង៦០០គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋ ទៅបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញការផ្តល់សេវារថយន្តឈ្នួលឯកជន ត្រូវបានលោក ឃួង ស្រេង ជឿជាក់ថា នឹងមិនមានការឡើងថ្លៃឡើយ ដោយសារប្រជាពលរដ្ឋជាច្រើន ងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ដោយឥតគិតប្រាក់ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ដោយសារមានសេវាដឹកជញ្ជូនមិនគិតថ្លៃ ប្រជាពលរដ្ឋងាកមកប្រើ ហើយខ្ញុំជឿជាក់ ថាក្រុមហ៊ុនផ្សេងៗទៀត គាត់មើលដែរ គាត់មិនអាចទុកឡានចោលទេ គាត់ត្រូវតែធ្វើតម្លៃរបស់គាត់នេះ ឱ្យសមស្របតាមទីផ្សារ មិនតម្លើងហួសហេតុ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកទេ ខ្ញុំជឿជាក់ទៅលើក្រុមហ៊ុនទាំងអស់ ដែលជាក្រុមហ៊ុនក្នុងស្រុក គាត់ពិតជាមើលឃើញ នូវការលំបាករបស់ប្រជាពលរដ្ឋ” ។

បន្ថែមលើនេះ លោក ឃួង ស្រេង កត់សម្គាល់ថា ឆ្នាំនេះឃើញមានបងប្អូនពលករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤ មានច្រើននិងកុះករជាងមុន ដោយពលរដ្ឋឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតី បានផ្តល់ជូន ក៏ដូចជាអ្នកបម្រើសេវាដឹកជញ្ជូននេះ ប្រកបដោយសុវត្ថិភាព ជាមួយភាសាផ្អែមល្ហែម ក្នុងនាមជាប្រជាពលរដ្ឋ នៅជាតិសាសន៍តែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ នៃការដឹកនាំរបស់សម្តេចធិបតី។ មួយវិញទៀត ប្រជាពលរដ្ឋអាចសន្សំថវិកា ដោយក្នុងម្នាក់ៗយ៉ាងហោចណាស់ ក៏១៥ដុល្លារសហរដ្ឋអាមេរិក ក្នុងពេលទៅ ហើយពេលត្រឡប់មកវិញ ក៏១៥ដុល្លារទៀត៕







