Feature

៩ខែនេះ ព្យុះក្នុងតំបន់មានចំនួន២៥ ច្រើនជាងឆ្នាំ២០២៥

ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ ព្យុះក្នុងតំបន់មានចំនួន២៥ ច្រើនជាងឆ្នាំ២០២៥ បើគិតក្នុងរយៈពេលដូចគ្នា ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៦នេះ ព្យុះក្នុងតំបន់ មានចំនួន២៥ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹម២០ព្យុះប៉ុណ្ណោះ ដោយបង្កឱ្យមាន បាតុភូតផ្គររន្ទះ កើតមានជាញឹកញាប់ ចាប់តាំងពីរដូវប្រាំងមក និងមានឥទ្ធិពលលើរបបខ្យល់ មូសុងឦសានក្នុងរដូវប្រាំង និងលើរបបមូសុងនិរតីក្នុងរដូវវស្សា ។ ព្រមជាមួយគ្នានេះ ក៏បានបង្កឱ្យមានភ្លៀងកក់ខែ និងភ្លៀងរដូវវស្សា ក្នុងលក្ខណៈមិនរាយប៉ាយល្អ និងខ្យល់កន្ត្រាក់កើតមានក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសខ្យល់បក់បោកខ្លាំង នៅតំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ឆ្នេរសមុទ្រ ។

របាយការណ៍បន្តថា ចំពោះគ្រោះមហន្តរាយខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣៣២លើក នៅទូទាំងរាជធានី-ខេត្តទាំង២៥ ដែលកើនឡើងចំនួន៦៦លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។ ក្នុងរយៈពេលខែ៩ ឆ្នាំ២០២៦នេះ លំនៅឋានទូទាំងខេត្តដែលនៅ តាមដងទន្លេមេគង្គ បឹងទន្លេសាប និងដែនសមុទ្រ ប៉ះពាល់ផ្ទះចំនួន៥១៣៤៦ ។ ក្នុងនោះ លំនៅឋានធ្ងន់ធ្ងរចំនួន៩៧ខ្នងផ្ទះ សាលារៀន២១១អគារ មណ្ឌលសុខភាពចំនួន២៩កន្លែង វត្តអារាមចំនួន១២០កន្លែង ផ្លូវជាតិខូចខាតអស់២៤១៩០ម៉ែត្រ ផ្លូវបេតុង ១ ៦៦៦ ៣៨ម៉ែត្រ និងផ្ទៃដីស្រូវវស្សាប៉ះពាល់៩២១៣៥ហិកតា ។ ចំពោះផ្ទៃដីស្រូវវស្សាខូចចំនួន៣ ៧៦៤ហិកតារួមទាំងដំណាំរួមផ្សំចំនួន១៤ ៥៨៤ហិកតាផងដែរ ៕

To Top