១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អគ្គិភ័យកើតឡើងទូទាំងប្រទេស ១៩លើក បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់
ភ្នំពេញ ៖ រយៈពេល ១៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២៦ គ្រោះអគ្គិភ័យកើតឡើងទូទាំងប្រទេស ចំនួន ១៩លើក ថយចុះចំនួន ១០លើក បើធៀបទៅឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា «សូមបូកសរុបករណីគ្រោះអគ្គិភ័យទូទាំងប្រទេសរយៈពេល ១៥ថ្ងៃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៦ (កើតឡើងចំនួន ១៩/២៩លើក មានការថយចុះចំនួន១០លើក បើធៀបទៅឆ្នាំ២០២៥)»។
ចំពោះការខូចខាត រួមមាន៖ ឆេះផ្ទះ ៩ខ្នង, បន្ទប់ ១, សាលាឆាន់ ១ខ្នង, ព្រះវិហារ ១ខ្នង និងរថយន្តចំនួន ៣គ្រឿង។ មូលហេតុ រួមមាន ៖ ឆ្លងចរន្តអគ្គិសនីចំនួន ១១ លើក ស្មើនឹង ៧៨,៥៧%, ភ្លើងទៀននិងធូបចំនួន ៣ លើកស្មើនឹង ២១,៤២%។ ស្លាប់ និងរបួស រួមមាន៖ស្លាប់ចំនួន ១នាក់ (ស្រី)។

ករណីអគ្គិភ័យកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំ ៣ថ្ងៃ (ចាប់ពីថ្ងៃ១០-១១-១២ ខែតុលា ឆ្នាំ២០២៦ ចំនួន ៥/៧លើក។ ការខូចខាត ៖ ឆេះផ្ទះ ៧ខ្នង, បន្ទប់៤។ មូលហេតុ ៖ ឆ្លងចរន្តអគ្គិសនីចំនួន ១លើក ស្មើនឹង ២០%, ក្តាប់មិនបាន ២លើកស្មើនឹង ៤០%, ភ្លើងទៀន និងធូបចំនួន ២លើក ស្មើនឹង ៤០%។ ស្លាប់ និងរបួសគ្មាន។
សូមបញ្ជាក់ថា ចំពោះករណីនេះកើតឡើង រួមមាន៖ ខេត្តបាត់ដំបង ១លើក, កំពង់ចាម ១លើក, កំពង់ធំ ១ លើក, កំពត ១លើក, កំពង់ឆ្នាំង ១លើក៕
