Feature

កងរាជអាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យវ័យ១៧ឆ្នាំ ទៅតុលាការរឿងប្រទូស្ដកេរខ្មាស​ ក្មេងស្រីអាយុ១៤ឆ្នាំ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យវ័យ ១៧ឆ្នាំម្នាក់ ទៅកាន់សាលាដំបូង ខេត្តនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីប្រទូស្ដកេរខ្មាស ស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តលើក្មេងស្រីអាយុ ១៤ឆ្នាំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ភ្លាមៗក្រោយទទួលបានបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះនៅម៉ោង ២២និង១៥នាទីថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនជន សង្ស័យឈ្មោះ ឆេង ឆេម ហៅ បាវ ដល់កន្លែងកើតហេតុយកមកសួនាំ។

ចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានអោប ថើប និងស្ទាបអង្អែលរាងកាយជនរងគ្រោះប្រាកដមែន។ បន្ទាប់ពីកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត របស់ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top