Feature

វិទ្យាស្ថាន ITI ជំរុញយុវជន រៀនជំនាញយានយន្ត ត្រៀមចាប់យកឱកាសការងារ ក្នុងយុគសម័យរថយន្តអគ្គិសនី

ភ្នំពេញ ៖ លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្ស ដែលទើបប្រឡង បញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសសិក្សាជំនាញ បច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្ត នៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត។

លោក ណុនឌី បានលើកឡើងថា ការរីកចម្រើន នៃបច្ចេកវិទ្យាយានយន្ត ជាពិសេសរថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Hybrid) កំពុងបង្កើតតម្រូវការ សម្រាប់អ្នកបច្ចេកទេសដែលមានចំណេះដឹង និងជំនាញសមស្រប ដើម្បីបំពេញការងារថែទាំ ជួសជុល និង ដោះស្រាយបញ្ហាបច្ចេកទេស លើយានយន្តទំនើប។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនមករៀន នូវជំនាញបច្ចេកទេស ដោយយ៉ាងហោចណាស់ យុវជនម្នាក់ក៏មានជំនាញមួយ»។

លោកបានបន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ និងការយកចិត្តទុកដាក់លើការកាត់បន្ថយការបំពុលបរិស្ថាន បានជំរុញឱ្យរថយន្តអគ្គិសនីក្លាយជាបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អនាគត។ ដូច្នេះ អ្នកបច្ចេកទេសចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាព ដើម្បីអាចធ្វើការជាមួយប្រព័ន្ធ និងបច្ចេកវិទ្យាយានយន្តជំនាន់ថ្មី។

ចំពោះការបណ្ដុះបណ្ដាលនៅវិទ្យាស្ថាន លោកបានឱ្យដឹងថា សិស្សានុសិស្សអាចសិក្សាពីប្រព័ន្ធបច្ចេកទេសផ្សេងៗ ដូចជា ប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធត្រជាក់ ប្រព័ន្ធអគ្គិសនីលើយានយន្ត និងប្រព័ន្ធគ្រឿងក្រោម។ ការសិក្សាទាំងនេះ មានគោលបំណងផ្ដល់ចំណេះដឹង និងជំនាញបច្ចេកទេស ដែលអាចយក ទៅប្រើប្រាស់ក្នុង ការងារជាក់ស្ដែង។

លោកក៏បានបញ្ជាក់ថា សិស្សដែលសិក្សាជំនាញបច្ចេកទេសអាចទទួលបានឱកាសសិក្សាអនុវត្តនៅតាមយានដ្ឋាន និងក្រុមហ៊ុន ដើម្បីស្វែងយល់ពីបរិយាកាសការងារ និងការអនុវត្តជាក់ស្ដែងក្នុងវិស័យយានយន្ត។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់យុវជន ដែលទើបប្រឡងបាក់ឌុប និងកំពុងស្វែងរកជំនាញសម្រាប់អនាគត ឱ្យពិចារណាចូលសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ពីព្រោះវិទ្យាស្ថានមានសម្ភារៈ និងបរិក្ខារសម្រាប់គាំទ្រ ដល់ការបណ្ដុះបណ្ដាលជំនាញ។

លោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសជំនាញបច្ចេកទេសមួយ ដែលសមស្របនឹងចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារ អាចជួយឱ្យយុវជនត្រៀមខ្លួន បានកាន់តែល្អសម្រាប់ឱកាសការងារនាពេលអនាគត និងចូលរួមអភិវឌ្ឍវិស័យ យានយន្តនៅកម្ពុជា៕

To Top