Feature

រដ្ឋមន្រ្តីព័ត៌មាន ៖ លោក អ៊ុំ សំអាន គួរមានភាពក្លាហាន និងទំនួលខុសត្រូវ ចំពោះសម្តីខ្លួន

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា លោក អ៊ុំ សំអាន គួរមានភាពក្លាហាន និងទំនួលខុសត្រូវចំពោះសម្តីខ្លួនដែលបានចោទប្រកាន់រាជរដ្ឋាភិបាល បានកាត់ដីទៅឱ្យប្រទេសថៃ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងដោយមិនចំឈ្មោះទៅកាន់បុគ្គលម្នាក់ ដែលចេះតែនិយាយឱ្យរួចពីមាត់ ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋពាក់ព័ន្ធករណី ព្រំដែនកម្ពុជា-ថៃថា កុំព្យាយាមបង្វែរដាន បង្វែរប្រធានបទ ឬយកចលនាខុសច្បាប់ មកធ្វើជាលេស ដើម្បីបិទបាំងការចោទប្រកាន់របស់ខ្លួន ។

លោកថា “ម្សៀរនោះ គួរមានភាពក្លាហាន និងទំនួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដោយចេញមុខតតាំង និងបង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ជុំវិញ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ដីឱ្យថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩”។

រដ្ឋមន្រ្តីបន្ថែមថា ការចោទប្រកាន់ធ្ងន់ធ្ងរបែបនេះ មិនអាចនិយាយឱ្យរួចតែពីមាត់ ហើយគេចវេះពីការទទួលខុសត្រូវបានឡើយ។ អ្នកចោទត្រូវមានភស្តុតាង និងហ៊ានការពារការអះអាងរបស់ខ្លួន។

លោកបញ្ជាក់ថា កុំបូរបាច់ច្រើន កុំបង្វែរសាច់រឿង និងកុំយកបញ្ហាផ្សេងមកបិទបាំងបញ្ហាដើម ។ បើហ៊ានចោទ ត្រូវហ៊ានតតាំង បើមិនហ៊ានមកតតាំងទេ គ្រាន់តែប្រាប់ឱ្យត្រង់ថា «មិនហ៊ាន» គឺចប់ ។

សូមបញ្ជាក់ថា ការលើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្តី្កក្រសួងព័ត៌មានយ៉ាងនេះ បន្ទាប់ពីលោក អ៊ុំ សំអាន ក្រុមប្រឆាំង ជ្រុលនិយម នៅក្រៅប្រទេសបាននិយាយចោទថា មន្ត្រីជំនាញព្រំដែន របស់រាជរដ្ឋាភិបាល​ បានលួចឱ្យថៃ បោះបង្គោលចូលដីខ្មែរ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ។ បន្ទាប់ពីការចោទប្រកាន់បែបបំផ្លើសបែបនេះ សម្តេចបានហៅបុគ្គលនេះ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែន របស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ ។ ប៉ុន្តែក្រោយពីសម្តេចធិបតីបានហៅមកស្រុកខ្មែរវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នោះ មិនទាន់បានឃើញលោកអ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្តេចឡើយ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។ នេះបើតាមសម្តេចធិបតី បង្ហាញសំណេរនៅលើបណ្តាញសង្គមរបស់សម្តេច កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៕

To Top