កម្ពុជា-កូរ៉េ ផ្លាស់យោបល់ លើកិច្ចគាំពារសុខមាលភាព របស់ពលរដ្ឋខ្មែរ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក Lee Ki-hyung អភិបាលក្រុងគីមផូ បានផ្លាស់យោបល់អំពីការពង្រឹង កិច្ចគាំពារដល់សុខមាលភាព របស់សហគមន៍ខ្មែររស់នៅ និងបម្រើការងារក្នុងតំបន់គីមផូ ។

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ និងលោក Lee Ki-hyung អភិបាលក្រុងគីមផូ បានផ្លាស់យោបល់អំពីការពង្រឹង ចំណងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងកិច្ចគាំពារដល់ សុខមាលភាពរបស់សហគមន៍ខ្មែរដែលរស់នៅ និងបម្រើការងារក្នុងតំបន់គីមផូ ប្រមាណ២ពាន់នាក់ ។ ដោយលោកអភិបាលក្រុងលើកឡើងថា ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់គីមផូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។

ឯអគ្គរាជទូត បានប្រាប់លោកអភិបាលក្រុងគីមផូថា ឆ្នាំក្រោយជាឆ្នាំពិសេស នៃឱកាសគម្រប់ខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ លោកទូតសង្ឃឹមថា ស្ថានទូត និងក្រុងគីមផូ អាចរៀបចំព្រឹត្តិការណ៍ ពិសេសរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងបំលាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះលោក ឃួន ផុនរតនៈ ក៏បានអញ្ជើញលោកអភិបាលក្រុងទៅទស្សនកិច្ចនៅកម្ពុជា ដោយដឹកនាំក្រុមហ៊ុនសហគ្រាសកូរ៉េក្នុងតំបន់គីមផូ ដើម្បីរៀបចំវេទិការធុរកិច្ច ក្នុងគោលដៅបង្កើតឱកាសវិនិយោគ និងស្វែងរកដៃគូអាជីវកម្មថ្មីក្នុងប្រទេសកម្ពុជា ។

ជាកិច្ចឆ្លើយតប លោកអភិបាលក្រុងគីមផូ គាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត និងបានប្រាប់ឯកឧត្តមថា ក្នុងទីក្រុងគីមផូ មានក្រុមហ៊ុន-សហគ្រាសផលិត ប្រមាណ ៨ពាន់ក្រុមហ៊ុន ។ ជាមួយគ្នានោះ លោកក៏មានបំណងចង់ឱ្យក្រុមហ៊ុនទាំងនោះ អាចពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ៕
