Feature

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ‎

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ ដែលបានយាងទិវង្គត  ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីរាជការ ។

‎នាឱកាសដ៏ក្រៀមក្រំ និងប្រកបដោយក្តីកតញ្ញូតាធម៌នេះ រដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តកំពង់ស្ពឺ បានរួមគ្នារំលឹកដល់ព្រះមហាករុណាទិគុណដ៏ធំធេង រកអ្វីប្រៀបផ្ទឹមពុំបាន របស់ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ព្រះបញ្ញាញាណពេញមួយព្រះជន្មាយុ ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសក្នុងការទាមទារឯករាជ្យជាតិជូនកម្ពុជាពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ការការពារបូរណភាពទឹកដី និងការបង្រួបបង្រួមឯកភាពជាតិខ្មែរ។
‌
‎ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បានធ្វើពិធីស្ងៀមស្ងាត់ ១នាទី ដើម្បីបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមបានយាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយបានប្តេជ្ញាចិត្តដើរតាមដានព្រះចរណយុគល ក្នុងការថែរក្សាសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ និងការពារបូរណភាពទឹកដីឱ្យបានគង់វង្សតរៀងទៅ៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល

To Top