Feature

សោកនាដកម្ម នៅខេត្តព្រះវិហារ ហ្វូងដំរីព្រៃព្រួតគ្នា បុកកម្ទេចរោងអ្នកនេសាទ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្ដាយរបួសធ្ងន់ធ្ងរ

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ដ៏រន្ធត់ និងគួរឱ្យសោកស្ដាយមួយបានកើតឡើង បន្ទាប់ពីសត្វដំរីព្រៃចំនួន ៥ ទៅ ៦ ក្បាល បានស្ទុះចូលព្រួតគ្នាបុករំលំ និងជាន់កម្ទេចរោងសម្រាកបណ្ដោះអាសន្ន របស់អ្នកភូមិ បណ្ដាលឱ្យក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់បាត់បង់ជីវិត និងម្ដាយបង្កើតរងរបួសធ្ងន់ធ្ងរ ពេលកំពុងដេកលក់ ក្នុងពេលយប់ជ្រៅ។

ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ២០ និង ១០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចកញ្ចាំង ដែលស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយក្រុមគ្រួសារ និងអ្នកភូមិរួមដំណើរ ១ក្រុម សរុបចំនួន ៥នាក់ បាននាំគ្នាទៅបោះបង្គោលប្រក់តង់កៅស៊ូ ស្នាក់នៅបណ្ដោះអាសន្ន ដើម្បីប្រកបរបររកត្រីនៅកន្លែងកើតហេតុខាងលើ ។ លុះដល់ពេលយប់ ខណៈដែលក្រុមអ្នកនេសាទទាំងអស់កំពុងគេងលក់ស្រាប់តែមានហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ ក្បាល ដើរចេញពីព្រៃមកកម្ទេចរោងយ៉ាងកម្រោល។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក និងជាអ្នកដំណើរបានរៀបរាប់ឱ្យដឹងថា នៅវេលាម៉ោងប្រហែល ២០ និង ១៥ នាទី ពេលកំពុងដេកលក់ ស្រាប់តែលឺសូរសំឡេងដំរីវាយដំបូលតង់លាន់ឮសូរប្រាវៗ រួចក៏លឺសំឡេងស្រែកឱ្យជួយពីស្ត្រីរងគ្រោះ ។ ពេលក្រោកឡើងមើល ទើបដឹងថា ហ្វូងដំរីបានជាន់កម្ទេចរោងទម្លាក់លើអ្នកដេកខាងក្រោម បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សមាជិកគ្រួសារពីរនាក់ ៖
ជនរងគ្រោះទី១ (កូនប្រុស)៖ ឈ្មោះ មុំ សុខហេង អាយុ ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ (បានស្លាប់បាត់បង់ជីវិតតាមផ្លូវ ពេលកំពុងបញ្ជូនមកសង្គ្រោះបន្ទាន់) ។
ជនរងគ្រោះទី២ (ម្ដាយបង្កើត) ៖ ឈ្មោះ ធិន ជិត អាយុ ៤៩ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពតាកឹង និងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ)។
ដោយឡែក សមាជិកគ្រួសារ និងអ្នករួមដំណើរផ្សេងទៀតរួមមាន ឈ្មោះ មុត មូល អាយុ ៤០ឆ្នាំ ព្រមទាំងកូនៗ និងស្វាមីរបស់ជនរងគ្រោះ បានរត់គេចខ្លួនទាន់ពេល ទើបមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

ករណីនេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ ចំពោះហានិភ័យនៃការរស់នៅ ឬចូលទៅក្នុងតំបន់ជម្រកសត្វព្រៃ។ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ កំពុងបន្តយកចិត្តទុកដាក់ស្រាវជ្រាវ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរ ឬប្រកបរបរនេសាទ កាប់ឈើ ឬរកអនុផលព្រៃឈើ នៅតាមតំបន់ភ្នំនិងព្រៃជ្រៅ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារអាយុជីវិត ពីការវាយប្រហាររបស់សត្វព្រៃធំៗ ៕ដោយ សួន ពិសិតដើមអម្ពិល

To Top