ព័ត៌មានជាតិ

សម្តេចធិបតី គាំទ្រចំពោះការចូលរួមផ្តល់គំនិត របស់អ្នកលេងបណ្តាញសង្គម លើការបន្ថែមរចនាបទខ្មែរ លើរូបសំណាកបាតដៃសុភមង្គល ខេត្តកំពត

ភ្នំពេញ៖​​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រ ចំពោះការចូលរួមផ្តល់គំនិត របស់អ្នកលេងបណ្តាញសង្គម លើការបន្ថែមរចនាបទខ្មែរ លើរូបសំណាក់បាតដៃសុភមង្គល នៅខេត្តកំពត ដែលជាសមទ្ធិផលទេសចរណ៍ថ្មីមួយទៀត នៅខេត្តកំពត ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកការបង្ហោះរបស់អ្នកលេងបណ្តាញសង្គមមួយ ដែលផ្តល់គំនិតឱ្យមានការរចនាបទខែ្មរ បន្ថែមលើរូបសំណាក់បាតដៃសុភមង្គល ដែលនឹងបង្កើនសម្រស់ ក៏ដូចជាបង្ហាញអត្តសញ្ញាណខ្មែរថែមទៀតផង ។

ក្នុងនោះសម្តេចធិបតី បានថ្លែងថា ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្ឃឹមថា លោក ម៉ៅ ធនិន្ទអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក “បាតដៃសុភមង្គល” ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ផលិតផលទេសចរណ៍ថ្មី «បាតដៃសុភមង្គល» បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ ឱ្យមកលេងក្រុងកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈផលិតផលទេសចរណ៍ថ្មី នេះទើបតែស្ថាបនារួចមិនទាន់បានតុបតែងលម្អ ឲ្យបានស្អាត១០០%នៅឡើយទេ ក៏ប៉ុន្តែរូបណាកមួយនេះ បានជួយបន្ថែមសោភាពភាពដ៏ស្រស់ស្អាត ដល់តំបន់ឆ្នេរមាត់ព្រែកកំពង់បាយ ក៏ដូចជាសោភ័ណភាពក្រុងកំពតទាំងមូល ឱ្យកាន់តែទាក់ទាញជាងមុន៕

To Top