Feature

លោកឡាំ ហេងហួត និង អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅឃុំឈើតុំ ស្រុកក្រគរ និងសួរសុខទុក្ខអ្នកជម្ងឺ ចំនួន ១៥២ នាក់

ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអមដំណើរ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចុះពិនិត្យ និងវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ។

បន្ទាប់មកបានបន្តចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋជាអ្នកជំងឺចំនួន ១៥២នាក់ ដែលបានជម្លៀសចេញពីមន្ទីរពេទ្យបង្អែកក្រគរផងដែរ។

បើតាមរបាយការណ៍ របស់រដ្ឋបាលស្រុកក្រគរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ ឃុំចំនួន១១ (ស្មើនឹង ៤៧ភូមិ) បានទទួលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋ ចំនួន១,៣២៤គ្រួសារ, ផ្លូវថ្នល់រងការលិចលង់ ៥៧ខ្សែ ប្រវែងសរុប១៧,៥៣៥ម៉ែត្រ)។ ភូមិទាំង៦ ក្នុងឃុំឈើតុំ ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភូមិកប៉ាស់លើ, ភូមិកប៉ាស់, ភូមិបំណក់, ភូមិដង្កៀបក្ដាម, ភូមិទួលត្បែង និងភូមិក្រាំងខឿន ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប៩៥៦គ្រួសារ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top