ព័ត៌មានជាតិ

លោក ខូយ រីដា និង ម៉ក់ រ៉ា ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយទិវង្គត

ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ“ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះអង្គ នៅលើបុរីវប្បធម៌ កោះសំពៅមាស។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕

អត្ថបទដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល

To Top