ក្រោយទឹកស្រក! ថ្នាក់ដឹកនាំ គ.ជ.គ.ម. និងខេត្តបន្ទាយមានជ័យ ដាក់ផែនការផ្តល់ស្រូវពូជថ្មី ដល់កសិករ សង្គ្រោះស្រែស្រូវរងគ្រោះជំនន់
បន្ទាយមានជ័យ ៖ បន្ទាប់ពីទឹកជំនន់ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើក្រុង-ស្រុក ចំនួន៤ រហូតបំផ្លាញផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ និងស្រែចម្ការប្រជាពលរដ្ឋ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គ.ជ.គ.ម. រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីពន្លឿនការវាយតម្លៃការខូចខាត និងរៀបចំផែនការអន្តរាគមន៍ ផ្តល់ស្រូវពូជជួយប្រជាកសិករឱ្យទាន់ពេលវេលា ។

តាមរបាយការណ៍ ជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក ដោយតំបន់ទំនាប និងក្បែរមាត់ស្ទឹងមួយចំនួន នៅតែបន្តលិចលង់ ។ ទោះបីជាពេលនេះ ទឹកចាប់ផ្តើមស្រកចុះបន្តិចវិញក្តី អាជ្ញាធរខេត្តនិងមន្ទីរជំនាញកំពុងប្រញាប់ប្រញាល់ ចុះស្រង់ទិន្នន័យជាក់ស្តែង ដើម្បីញែកឱ្យដាច់រវាងផ្ទៃដីស្រែ ដែលអាចស្តារបាន និងដីដែលខូចខាតទាំងស្រុង។

ដើម្បីស្តារជីវភាពកសិករឡើងវិញ ឱ្យបានលឿនបំផុត លោក ឡាំ ហេងហួត បានដាក់បទបញ្ជា និងផ្តល់អនុសាសន៍គន្លឹះចំនួន៣ រួមមាន៖ ទី១. ផ្ទៀងផ្ទាត់ទិន្នន័យអ្នករងគ្រោះ ឱ្យត្រឹមត្រូវគ្មានចន្លោះ ទី២. កំណត់មុខសញ្ញាតំបន់ត្រូវស្តារដើម្បីស្នើសុំគ្រាប់ពូជ និងទី៣. ជម្រុញឱ្យមន្ត្រីជំនាញសហការ ជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជូនសំណើស្បៀង និងពូជដំណាំឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋដោយឥតបង្អង់យូរ៕











អត្ថបទ: ប៊ុន សំណាង/DapNews
