កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ។

ជំនួបពិភាក្សាការងារនេះ ធ្វេីឡេីងក្នុងឱកាស សម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
លោកប្រធានាធិបតី បានឱ្យដឹងថា ជំនួបនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និង ជាក់ស្តែង សំដៅបន្តពង្រឹង និងពង្រីកទំនាក់នាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ បានបន្តពិភាភ្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្នុងជំនាញបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យា, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។
ព្រមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕
