Feature

ក្នុងកិច្ចប្រជុំ CICA ! សម្ដេចធិបតី ៖ កម្ពុជា នៅតែប្តេជ្ញាដោះស្រាយបញ្ហា នៅសេសសល់ ដោយសន្តិវិធីជាមួយថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធីជាមួយភាគីថៃ។

ការថ្លែងប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។

សម្ដេចធិបតី បន្ដថា បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្តគោរពបាន ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

សម្ដេចធិបតី បន្ថែមថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកងទ័ពថៃ កំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Declaration) និងសេចក្តីប្រកាសរួម(Joint Statement) នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយ។

លើសពីនេះ សម្ដេចធិបតី បានឱ្យដឹងថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាពលរដ្ឋខ្មែរប្រមាណជាង ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «បើទោះបីជាស្ថានការណ៍នៅតែមានភាពស្មុគស្មាញបែបនេះក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រម-ព្រៀងទ្វេភាគី ដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។

សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្តថា ការសន្ទនា, ការកាត់បន្ថយភាពតានតឹង, ការអនុវត្តកិច្ចព្រមព្រៀង ទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការ ជាក់ស្តែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌, ស្ថិតស្ថេរ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី៕

To Top