ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការប្រយុទ្ធប្រឆាំង Scam គួរតែផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការ ជាជាងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំង Scam គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។

ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្ដេចធិបតី បន្ដថា នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថលឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយប្រទេសណាមួយ ធ្វើសកម្មភាពកែម្នាក់ឯកឯងនោះទេ។

សម្ដេចធិបតី បន្ថែមថា ដូច្នេះកម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ គួរតែត្រូវបានអនុវត្តដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ»៕

សម្តេចបានគូសរំលេចថា សន្និសីទនេះ មានការចូលរួមពីតំណាងនៃប្រទេសចំនួន២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័ត សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញ កាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមឆ្លងដែន ដែលកំពុងកើនឡើងនេះ៕

To Top