សម្តេចធិបតី ៖ កិច្ចការចរចារព្រំដែន រវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំ របស់រាជរដ្ឋាភិបាល ចំពោះជាតិនិងប្រជាជន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំ របស់រាជរដ្ឋាភិបាល ចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា មិនអាចធ្វើការ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេសនោះទេ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ចំពោះការជ្រើសរើសវិធីសាស្ត្រ ដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយ ដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ផងដែរ៕
