កម្ពុជា-កាហ្សាក់ស្ថាន បន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និងអន្តរជាតិ។
ជនួបនេះ ធ្វេីឡេីង ក្នុងឱកាស សម្ដេច អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកប្រធានាធិបតីកាហ្សាក់ស្ថាន បានឱ្យដឹងថា ការបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ នឹងក្លាយជារបត់ថ្មីក្នុងការកំណត់នូវមាគ៌ា នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានឆ្ពោះទៅកម្រិតខ្ពស់បន្ថែមទៀត។
ជាការឆ្លើយតប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញទស្សនកិច្ចនេះ ដែលជាបង្កើតកាលានុវត្តភាពបន្ថែមទៀតដល់កម្ពុជា និងកាហ្សាក់ស្ថាន ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
ថ្នាក់ដឹកនាំទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ, ក៏ដូចជាការតភ្ជាប់ប្រជាជននិងប្រជាជនតាមរយៈការផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក, ការលើកកម្ពស់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការបង្តើតកិច្ចព្រមព្រៀងអាកាសចរណ៍។ ក្នុងក្រខ័ណ្ឌតំបន់ និងអន្តរជាតិ, ថ្នាក់ដឹកនាំទាំងពីរប្ដេជ្ញានឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងលោក ប្រធានាធិបតីកាហ្សាក់ស្ថាន ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងប្ដូរឯកសារ ចំនួន ៦ រួមមាន៖
១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម “បច្ចេកវិទ្យាព័ត៌មានជាតិ”ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។

២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងទេសចរណ៏ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៥-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នឹងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
៦-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន៕
