Feature

មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជាឲ្យកងកម្លាំង​ បង្ក្រាប​ឧបករណ៍នេសាទ​ ​របាំង​​ស្បៃ​មុង​​ខុស​ច្បាប់ នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្ទោង!

កំពង់ធំ​ ៖ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១៨​ ខែ​ តុលា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់​ធំ​  បាន​ដាក់​បទ​បញ្ជា​ឲ្យ​ លោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដឹក​នាំ​កងកម្លំាង​ ទៅ​បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ព​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា​ ទោះ​បី​ថ្ងៃអាទិត្យ​ ជាថ្ងៃ​​ឈប់សម្រាក​  តែ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ ថ្ងៃ​នេះ​ កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ភូមិ​សាស្ត្រ​ឃុំ​សំព្រោច ស្រុក​ស្ទោង​ ដោយ​បាន​កាប់​បំផ្លាញ​ចោល​របាំង​ស្បៃ​មុងនៅ​នឹងន្លែង​ចំនួន​ ៣១​ របាំង​ ដែល​មាន​ប្រវែង​ជាង ​១,២០០​ ម៉ែត្រ​ ។ ឡុក​ស្បៃ​មុង​ ៣១​ គ្រឿង​  លូ​ឬលប​ស្បៃ​មុង​ ចំនួន​ ៣៥​ មាត់​  បង្គោល​របាំង​ឈេី​ចំនួន​ប្រមាណ​ជាង ​៥០០​ ដេីម​ និង​ចានិងចាក់លែងកូនត្រីចម្រុះប្រមាណ​ជាង​ ៥០​ គីឡូក្រាម​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ សូម​មេត្តា​កុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​តទៅទៀត​ ពិសេស​របាំង​ស្បៃ​មុង​ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់​ខាត​ ព្រោះ​វា​បាន​បំផ្លាញ​ដល់​ធនធាន​មច្ឆជាតិ​របស់​យើង​ ។ ដូច្នេះចូលយើង​រួម​គ្នា​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ កុំ​ឲ្យ​កេីតមានឡេីងជាថ្មីទៀត​ ដេីម្បី​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ និង​សម្រាប់​កូន​ចៅ​យេីង​នៅ​ជំនាន់​ក្រោយ​ៗទៀត​ ។ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម ស៊ុន ក៍បាន​ណែនាំ​ដល់​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ត្រូវ​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ត្រូវ​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ឲ្យ​ដូច​ភ្លៀង​រលឹម​  ដោយ​គ្មាន​ការ​ដកថយ​ឡេីយ​ ពិសេស​ត្រូវ​កាប់​បំផ្លាញ​ចោល​ឲ្យ​អស់​ នូវ​ឧបករណ៍​នេសាទ​ របាំ​ងស្បៃមុងដែលច្បាប់​បាន​ហាម​ឃាត់​ និង​ការឆក់ត្រី​គ្រប់​ប្រភេទ​ និង​នៅ​គ្រប់​ទី​កន្លែង​ ឲ្យ​បាន​ជា​ដាច់ខាត​៕ដោយសំនៀង

To Top