Feature

លោក​ ហេង សួរ អញ្ជើញចូលរួមអបអរ សាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹង ចំណងមិត្តភាពកម្ពុជា-ជប៉ុន

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យ“បុនអូដូរី” (Bon Odori) លើកទី១៨ នៅកម្ពុជា ដែលសហការរៀបចំដោយ សមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និង សមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រពៃណីនេះ មានការអញ្ជើញចូលរួមពីលោក​ អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរនៅជប៉ុនផងដែរ។

ក្នុងនាមជាអតីតប្រធានសមាគមអតីតនិស្សិតកម្ពុជា នៅប្រទេសជប៉ុន (JAC) លោកបានបង្ហាញនូវក្តីរីករាយ ចំពោះស្ថានទូតជប៉ុន សមាគមជប៉ុនប្រចាំកម្ពុជា សមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងដៃគូសហការ ដែលបានរៀបចំ និងគាំទ្រព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យ ដើម្បីជួបជុំគ្នាអបអរសាទរ ពិធីបុណ្យដ៏វិសេសវិសាលនាពេលនេះ។ កម្មវិធីនេះក៏ជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុន ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន។

សម្រាប់រូបលោក​ និងប្រជាជនកម្ពុជា ជាច្រើនរូបទៀតដែលធ្លាប់សិក្សានៅជប៉ុន ពិធីបុណ្យនេះគឺជាឱកាស ដ៏មានអត្ថន័យមួយក្នុងការរំឭកដល់អនុស្សាវរីយ៍នៃជីវិតជានិស្សិតអន្តរជាតិ។ ការជួបជុំគ្នានេះ បានធ្វើឱ្យលោកនឹកឃើញឡើងវិញនូវបរិយាកាសនៃការគោរពប្រពៃណី និងសាមគ្គីភាពដ៏កក់ក្តៅនាពេលនោះ ដោយទទួលបានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ភាពសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងមិត្តរួមថ្នាក់។ ពួកគាត់បានចែករំលែកបទពិសោធ និងទស្សនៈដ៏មានតម្លៃជាមួយនិស្សិតកម្ពុជា ដែលបានរៀនសូត្រយ៉ាងច្រើនតាមរយៈការជួបប្រាស្រ័យជាមួយមនុស្សដែលបានជួប និងតាមរយៈការរស់នៅប្រចាំថ្ងៃនៅប្រទេសជប៉ុនផងដែរ។

តាមរយៈព្រឹត្តិការណ៍នេះគឺជាការសហការលើកដំបូងបង្អស់រវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន និងសមាគមជប៉ុនប្រចាំកម្ពុជា លោកបានបង្ហាញនូវសេចក្តីរីករាយដែលប្រជាជនកម្ពុជាធ្លាប់សិក្សានៅជប៉ុន និងប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចរួមកម្លាំងគ្នារៀបចំពិធីបុណ្យនេះឱ្យកើតមានឡើង។

សម្រាប់សហគមន៍ជប៉ុន ដែលរស់នៅកម្ពុជា លោកសង្ឃឹមថា ពិធីបុណ្យនេះនឹងក្លាយជាឱកាសដ៏ល្អប្រពៃ មួយសម្រាប់រំឭកដល់រដូវក្តៅនៅមាតុប្រទេស និងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រពៃណីជប៉ុន។ ទោះបីជាស្ថិតនៅឆ្ងាយពីប្រទេសជប៉ុនក៏ដោយ ក៏បងប្អូនអាចរីករាយជាមួយពិធីបុណ្យ​នេះនៅកម្ពុជា និងចែករំលែកប្រពៃណីជាមួយអ្នកចូលរួមទាំងអស់។ នេះក៏ជាឱកាសដ៏វិសេសវិសាលមួយផងដែរចំពោះប្រជាជនកម្ពុជាក្នុងការឈ្វេងយល់ពីវប្បធម៌ជប៉ុន និងទទួលយកបទពិសោធផ្ទាល់ពីពិធីបុណ្យ “បុនអូដូរី” ដែលជាប្រពៃណីដ៏ពេញនិយមក្នុងរដូវក្តៅរបស់ប្រទេសជប៉ុន។

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និង រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រំដ៏ មានតម្លៃចំពោះលោកក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក​ អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ និងលោក តេហ្ស៊ូកា កូជី ប្រធានសមាគមជនជាតិ​ជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះលោក​ ហេង សួរ និងអ្នកចូលរួមទាំងអស់ ដោយសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុននឹងកាន់តែមានភាពស្និទ្ធស្នាលតាមរយៈពិធីបុណ្យនេះ៕

To Top