ក្នុងកិច្ចប្រជុំទីក្រុងឡាអេ ! កម្ពុជា-ថៃ ឈានដល់ការឯកភាពគ្នា លើវិធានការកសាងទំនុកចិត្ត
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សះផ្សារនៅទីក្រុងឡាអេ ! កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
នៅក្នុងអំឡុងពេលនោះ ភាគីទាំងពីរ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងពង្រឹងទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាពស្របតាមច្បាប់អន្តរជាតិ។
គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលមានសារសំខាន់សម្រាប់ការជួយជ្រោមជ្រែងដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។
លើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការ បានលើកទឹកចិត្តភាគីទាំងពីរ ឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការ ដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយ ផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខ័ណ្ឌនៃដំណើរការផ្សះផ្សា។
គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការផ្សះផ្សា និងគុណភាពអព្យាក្រឹតអន្តរជាតិ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ក្នុងការសម្រួលការពិភាក្សាប្រកប ដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈាន ដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ។
សូមរំលឹកថា គណៈកម្មការផ្សះផ្សា នឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕
