Feature

អគ្គនាយក ARDB ប្រកាសថា «ផលិតផលខ្មែរ នឹងកាន់តែមានទីផ្សារ នៅលើពិភពលោក»

បារាំង ៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញ បានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិ បន្ថែមទៀត មកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មី នៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ អន្តរជាតិក្រុងប៉ារីសឆ្នាំ ២០២៦ ។

កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកបណ្ឌិត កៅ ថាច ព្រមជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលានិងមានប្រមាណ ៨០០០ក្រុមហ៊ុនមកពី ១៣០ ប្រទេសចូលរួម ។

លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា «ដោយសារកសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជាឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាសរបស់យើងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត ហើយយើងសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនមកលើផលិតផលរបស់ខ្មែរយើងនាពេលនេះ»។

នៅសាលតាំងបង្ហាញ ឬពន្លាជាតិកម្ពុជាមានតាំងផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។

សូមបញ្ជាក់ថា ពន្លាជាតិកម្ពុជា (Cambodia Pavilion)នេះត្រូវបានរៀបចំឡើង ដោយោមានការសហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅជំរុញ ការនាំចេញផលិតផលរបស់ខ្មែរ ព្រមទាំងពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ។ នេះជាលើកទីបីហើយ ដែលកម្ពុជាចូលរួមក្នុងកម្មវិធីតាំង ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារមួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយនៅឆ្នាំ ២០១៤ និងលើកទីពីរនៅឆ្នាំ ២០២៤៕

To Top