Feature

ក្រសួងធនធាន ឱ្យរក្សាប្រភពទឹកនៅតាមអាងទឹក និងបឹងបួ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹក នៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ ។

ការណែនាំនេះ បន្ទាប់ពីរដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើង នៃឥទ្ធិពលខ្យល់មូសុងឦសាន នឹងនាំមកនូវបរិមាណទឹកភ្លៀង ក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួន ទៀតដែលអាចកើតមានឡើង នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ។
ដូច្នេះតាមរយៈសេចក្តី ជូនដំណឹងនៅថ្ងៃ១៩ តុលា នេះ ក្រសួងបញ្ជាក់ថា មន្ទីរធនធានទឹក ទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ថែរក្សា ប្រភពទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួ ឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹក ដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ ទី១) សម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ(អាទិភាព) និងទី២) សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។

ជាមួយគ្នានេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បន្តចូលរួមសហការក្នុងការ ថែរក្សាប្រភពទឹកទុកសម្រាប់ រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក ៕

To Top