លោក ម៉ក់ រ៉ា និងលោក ខូយ រីដា ដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅស្រុកវាលវែង
ពោធិ៍សាត់ ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែង ។

វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៥ នៃរដ្ឋបាលស្រុកវាលវែង មេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាយន្តការដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងកង្វល់ផ្សេងៗ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប សំដៅឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ វេទិកាក៏ជាឱកាសសម្រាប់ពង្រឹង កិច្ចសហការរវាងក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋ ដើម្បីជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍ ក្នុងស្រុកវាលវែងឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។







ប្រភពរូបភាព÷ រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល
