សម្តេចធិបតី ៖ អ៊ុំ សំអាន នឹងមិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀត គេចមិនចូលរួមដូចកន្លងមក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមថា លោក អ៊ុំ សំអាន នឹងមិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមជជែករឿងព្រំដែនដូចកន្លងមកនោះទេ ។
នេះមិនមែនជាលើកទី១ របស់លោក អ៊ុំ សំអាន នោះទេដែលបាននិយាយចោទ ប្រកាន់រាជរដ្ឋាភិបាល កាត់ដីទៅឱ្យប្រទេសក្បែរខាង ព្រោះកាលពីប៉ុន្មានឆ្នាំមុនលោកក៏បានចោទរាជរដ្ឋាភិបាល កាត់ដីឱ្យវៀតណាមដែរ ហើយក៏បានជាប់ទោសក្តីក្តាំនៅតុលាការ ប៉ុន្តែករណីលោកក៏ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោស ដោយសារការសុំទោស និងការទទួលស្គាល់កំហុសដែលបាននិយាយគ្មានការពិត ។
ជាថ្មីម្តងទៀតកាលពីសប្តាហ៍មុន លោក អ៊ុំ សំអាន ក៏បានចោទរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីថា បានកាត់ដីទៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ឱ្យភាគីថៃ ។
សម្រាប់ការចោទប្រកាន់ទាំងទទឹងទិសនេះ ត្រូវបានសម្តេចធិបតីបានផ្ញើសារចំនួន៣លើកហើយទាំងនៅព្រឹកថ្ងៃ១៩ តុលានេះដើម្បីហៅលោកមកចូលស្រុកវិញ ជជែកវែកញែករឿងចោទប្រកាន់នេះ ។
ចំពោះសារជាលើកទី៣នេះ សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមផងដែរថា “លោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ”។
សម្តេចធិបតីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជន រួមទាំងការងារព្រំដែន ជាមួយប្រទេសថៃ ។ សម្តេចធិបតីសង្កត់ធ្ងន់ថា សម្តេចតែងតែអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល ធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃ ដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាល ដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញ និងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លង ជាមួយខ្មែរគ្នាឯង ដូចជាករណីនេះ ដែលសម្តេចត្រូវឆ្លើយតប ព្រោះការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕
