Feature

សាស្ត្រាចារ្យ ឈាង រ៉ា ចូលរួមប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦  ។

កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកា ថ្នាក់តំបន់មួយ ដែលរៀបចំឡើង ជាទៀងទាត់រៀងរាល់ឆ្នាំ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និង អនុម័តគំនិតផ្តួចផ្តើមថ្មីៗ ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័ត ដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។ 

នាឱកាសនៃកិច្ចប្រជុំនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុងវិស័យសុខាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេច បានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំ រវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទ “Weaving health for all” លើកយកប្រធានបទចំបងៗចំនួន៤ ដើម្បីពិភាក្សាលើបញ្ហាអាទិភាពដែលបានជួបប្រទះ បញ្ហាប្រឈម និងការសម្រេចចិត្តរួមគ្នារបស់ប្រទេសជាសមាជិក រួមមាន ៖ បញ្ញាសិប្បនិម្មិត (AI) , ការគ្រប់គ្រងជំងឺលើសឈាម , ការចាក់វ៉ាក់សាំង និងការគ្រប់គ្រងថ្នាំជក់ ៕

To Top