Feature

ក្រសួងទេសចរណ៍ គាំទ្រគំនិតផ្តួចផ្តើមថ្មី ផ្សារភ្ជាប់ប្រព័ន្ធឌីជីថល និង Ai ដើម្បីផ្សព្វផ្សាយពីគោលដៅ និងសក្តានុពល​ ទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ លើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមថ្មី ដែលផ្សារភ្ជាប់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (Ai) ដើម្បីផ្សព្វផ្សាយពីគោលដៅ និងសក្តានុពលទេសចរណ៍កម្ពុជា​ ឱ្យកាន់តែងាយស្រួល ទូលំទូលាយ និងស្របតាមនិន្នាការទេសចរណ៍សម័យថ្មី ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក សរ សុពុត្រាអភិបាលខេត្តស្ទឹងត្រែង, លោក ឈួន សម្បត្តិ អគ្គនាយកក្រុមហ៊ុន Angkor Media Cambodia និងជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីស្ថានភាពទេសចរណ៍ និងទិសដៅការងារបន្ត ក្នុងការទាក់ទាញ វិនិយោគ លើវិស័យទេសចរណ៍ របស់ខេត្តស្ទឹងត្រែង ព្រមទាំងបទបង្ហាញ អំពីគម្រោងផែនទីបង្ហាញ ពីគោលដៅទេសចរណ៍កម្ពុជា​ ​តាមបែបឌីជីថលដ៏ទំនើប​ ទាន់សម័យរបស់វិនិយោគិនខ្មែរ និងបរទេសរួមគ្នា។​

ក្នុងជំនួបនេះ ភាគីក្រុមហ៊ុន បានធ្វើបទបង្ហាញជូន លោករដ្ឋមន្ត្រី អំពីគម្រោងអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផល ទេសចរណ៍ឌីជីថល រួមមានផែនទីឌីជីថលអន្តរកម្ម និងឯកសារផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងផលិតផលឌីជីថល ដែលគំាទ្រដល់វិស័យទេសចរណ៍ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តតាមបណ្តោយទន្លេមេគង្គ ដូចជាខេត្តស្ទឹងត្រែង ដើម្បីផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្រ្ត និងតំបន់បេតិកភណ្ឌនានារបស់កម្ពុជា។

ក្នុងនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ដល់លោកអភិបាលខេត្ត ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងទាក់ទងវិនិយោគិនជាតិ និងអន្តរជាតិ មកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ លើវិស័យទេសចរណ៍របស់ខេត្តស្ទឹងត្រែង ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកខេត្តស្ទឹងត្រែង ក្នុងបណ្ដុំសក្ដានុពលទេសចរណ៍ធំៗ ឬ ប៉ូលទេសចរណ៍ធំៗ ទាំង៤ (តំបន់អេកូទេសចរណ៍ ភូមិភាគឦសាន និងជួរភ្នំក្រវាញ)។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលពិតជារួមចំណែកដ៏សកម្ម និងគួរឱ្យកាត់សំគាល់ ក្នុងផ្តល់ជូននូវបទពិសោធន័ថ្មី និងប្លែកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែងាយស្រួល ក្នុងការរៀបចំដំណើរកម្សាន្ត និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ឆ្លាតវៃ (Smart Tourism Destination) ដែលមានភាពទាក់ទាញ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមនេះ គឺជាឧទាហរណ៍ជាក់ស្តែងដ៏ល្អ និងសកម្មពីកិច្ចសហការរួមគ្នា រវាងរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនវានុវត្តន៍ ចីរភាព និងស្របតាមនិន្នាការទេសចរណ៍សម័យថ្មី៕

To Top