ក្រសួងការងារ កំពុងចាត់វិធានការ ករណីបុរសខ្មែរម្នាក់ ត្រូវបាននាំទៅធ្វើការ នៅប្រទេសអាមេនី
ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា មន្ត្រីជំនាញរបស់ក្រសួង កំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីពលរដ្ឋខ្មែរម្នាក់ ត្រូវបានបញ្ជូនទៅធ្វើការ នៅប្រទេសអាមេនី (Armenia)។

លោក ស៊ុន មេសា បានបញ្ជាក់ថា «ភ្លាមៗក្រោយទទួលបានព័ត៌មាន អំពីករណីពលរដ្ឋខ្មែរ របស់យើងត្រូវ បានបញ្ជូនទៅធ្វើការ នៅប្រទេសអាមេនី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញ របស់ក្រសួងចាត់វិធានការជាបន្ទាន់ ដោយហៅអ្នកពាក់ព័ន្ធមកសាកសួរជុំវិញករណីនេះ។ បច្ចុប្បន្ន មន្ត្រីជំនាញរបស់យើងកំពុងពិនិត្យ និងដោះស្រាយករណីនេះ ដោយយកចិត្តទុកដាក់បំផុត»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ កម្ពុជា និងអាមេនីមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនពលករនៅឡើយទេ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងបន្ថែមអំពីវឌ្ឍនភាព នៃការដោះស្រាយករណីនេះ៕
