Feature

គ.ជ.ប អំពាវនាវគ្រប់ភាគី បង្កលក្ខណៈងាយស្រួល និងជំរុញពលរដ្ឋ ធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ បង្កលក្ខណៈងាយស្រួល និងជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោត។

តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ បាននឹងកំពុងប្រព្រឹត្តទៅដោយ រលូនតាមប្រតិទិន និងផែនការមេរបស់ គ.ជ.ប ដោយទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនេះ គ.ជ.ប បានសង្កេតឃើញថា «អត្រាអ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត នៅមានកម្រិតមធ្យម មិនទាន់អាចឆ្លើយតបបានទៅនឹងផែនការដែល គ.ជ.ប បានរំពឹងទុក»។

ដូច្នេះក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្ស នយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញដល់ប្រជាពលរដ្ឋដែលជាគោលដៅឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ឡើងវិញក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមភូមិ ឃុំ សង្កាត់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

គ.ជ.ប បន្ដថា មុខសញ្ញា និងគោលដៅដែលត្រូវធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត គឺអ្នកចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់ បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោតពីមុនមក ឬ/និងអ្នកបោះឆ្នោតដែលបានទទួលលិខិត អញ្ជើញរបស់ គ.ជ.ប ឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងឆ្នាំ២០២៦នេះ។

គ.ជ.ប មានជំនឿយ៉ាងមុតមាំថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបក្នុងដំណើរការធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ពីព្រោះថាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកើតចេញពីការបោះឆ្នោតនេះ គឺជាតំណាងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្ម បម្រើឱ្យផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន ហើយការចូលរួមនេះក៏ជាផ្នែកមួយបន្តលើកកម្ពស់ សមិទ្ធផលលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំ នៅថ្នាក់មូលដ្ឋាន៕

To Top