អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីសុរិយោដីខេត្ត ត្រៀមខ្លួនអនុវត្តសេវាអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យមន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ត្រៀមខ្លួនដើម្បីអនុវត្តសេវាអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៧ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

នាឧកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗ បន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រង សកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។
ដូច្នេះហើយ លោកអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
