ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ សម្តេចធិបតី យកចិត្តទុកដាក់ខ្ពស់ ពង្រឹងទំនាក់ទំនងការទូត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងការទូត និងបន្តរក្សាបានសុខសន្តិភាព ។

ក្នុងសារលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជាកោតសរសើរ និងស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះស្មារតីស្នេហាជាតិ និងការលះបង់ប្រកបដោយភាពអង់អាចក្លាហាន និងស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចធិបតី ក្នុងការខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបម្រើ និងការពារជាតិ មាតុភូមិ និងប្រជារាស្ត្រ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នានេះ កម្ពុជាក៏សម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គមដែលបានលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជារាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា សម្តេចធិបតីក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេស និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕

To Top