ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ បង្កឡើងដោយគ្រាប់មីន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ រដ្ឋមន្ត្រីក្រសួងការបរទេសក្រូអាស៊ី ថា កម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ បង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី។

បន្ថែមលើនេះ, លោកបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។
 
ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក ព្រមទាំងគូសបញ្ជាក់ពីកាលានុវត្តភាពនៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើ វិស័យពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។

ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, សម្ដេចធិបតីបានអបអរសាទរក្រូអាស៊ី ចំពោះការបំពេញកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ាយ៉ាងជោគជ័យ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។

ក្នុងន័យនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា, ការចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
 
សម្តេចធិបតី និងលោករដ្ឋមន្ត្រី បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលសំខាន់ៗរួមមាន៖ នយោបាយ និងការទូត, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, ថាមពលស្អាត, និងវិស័យសន្តិសុខ ជាដើម៕

To Top