សម្តេចធិបតី លើកទឹកចិត្តក្រុមហ៊ុន IM Capital Holding បង្កើតកញ្ចប់ទេសចរណ៍ចម្រុះនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន IM Capital Holding បង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដោយតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា។
ការលើកឡើងទឹកចិត្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, លោកស្រី អគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ តែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។
លោកស្រី បានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។
បន្ថែមលើនេះ, លោកស្រី ក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។
ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។
សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។
ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក៕
