Feature

លោក វង្ស ពិសេន ៖ កម្ពុជា-វៀតណាម ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក

ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ ពីចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា-វៀតណាម ដែលតែងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។
ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត អនុប្រធានស្នងការប្រយុទ្ធនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងជំនួបលោកថ្លែងអំណរគុណ ចំពោះភាគីវៀតណាមដែលបានជួយគាំទ្រកម្ពុជា ។ ក្នុងនោះលើវិស័យការពារជាតិ វៀតណាមបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ។ លោកក៏បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ លើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបបទល្មើសឆ្លងដែន ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការពាក់ព័ន្ធនឹងព្រំដែន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេនក៏បានប្រាប់គណៈប្រតិភូអំពីស្ថានភាពជាក់ស្ដែងតាមព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណចំពោះវៀតណាមដែលគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត បញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជា-វៀតណាម ដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ៕

To Top