សម្តេចធិបតី ជឿជាក់ថា ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។

ការបង្ហាញការជឿជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសនអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក នាយឧត្តមសេនីយ៍ បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ,

លោក ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរចំពោះលោក នាយឧត្តមសេនីយ៍ Antonio G Natarrete ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ។

សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព និងលទ្ធផល ជាក់ស្ដែង។
បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចធិបតី ក៏បានបញ្ជាក់នូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនូវកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក៕


