ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ៖ ក្រោមការដឹកនាំ របស់សម្តេចធិបតី វិស័យអប់រំ កំពុងបន្តការអភិវឌ្ឍ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាលើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា វិស័យអប់រំបាន និងកំពុងបន្តការអភិវឌ្ឍ តាមរយៈការពង្រឹង គុណភាពអប់រំនៅមូលដ្ឋាន។

យោងតាមលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុឈានចូល៥០ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន លើកឡើងថា ការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងទំនាក់ទំនងអន្តរជាតិ និងការការពារអធិបតេយ្យជាតិ។

លោកថា ក្រោមការដឹកនាំរបស់សម្តេចធិបតី វិស័យអប់រំបាននិងកំពុងបន្តការអភិវឌ្ឍ តាមរយៈការពង្រឹងគុណភាព អប់រំនៅមូលដ្ឋាន ការអភិវឌ្ឍគ្រូបង្រៀន ការពង្រីកឱកាសទទួលបានសេវាអប់រំ ការតភ្ជាប់ការអប់រំទៅនឹងទីផ្សារការងារ និងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីអប់រំបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមអនុវត្តគោល នយោបាយ និងកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមធម៌សង្គម ព្រមទាំងការធ្វើទំនើបកម្ម និងកំណែ ទម្រង់ស្ថាប័នរដ្ឋ៕

To Top