Feature

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល តែងចាត់ទុកវិស័យកសិកម្ម ជាអាទិភាពទ្រទ្រង់កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា កម្ពុជាស្ថិតក្នុងចំណោម បណ្តាប្រទេសនាំអង្ករចេញធំៗ ក្នុងពិភពលោកហើយបរិមាណអង្ករនាំចេញ របស់កម្ពុជាបានកើនឡើងជាលំដាប់ពោល គឺកើនពីជាង៥៣ម៉ឺនតោនក្នុងឆ្នាំ២០១៥ ដល់៩៤ម៉ឺនតោនក្នុងឆ្នាំ២០២៥ និងលើសពី ១លានតោន ក្នុងឆ្នាំ២០២៦ នេះ។

លោកថា “រាជរដ្ឋាភិបាលកម្ពុជា តាំងពីក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ” ។

លោក ប៉ែន បូណាបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានពិសេសចំនួន១៧០លានដុល្លារ ក្នុងគោលបំណងរក្សាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃកសិផល ។ គិតត្រឹមរយៈពេលដូចគ្នា មន្ត្រីបច្ចេកទេសចំនួន ១៦០០នាក់ ស្មើនឹងជាង៩១% នៃឃុំ-សង្កាត់ទូទាំងប្រទេស ត្រូវបានដាក់ពង្រាយរួចស្រេច ដើម្បីគាំទ្រប្រជាកសិករដល់មូលដ្ឋានផ្ទាល់ ។

សូមបញ្ជាក់ថា ការលើកឡើង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីប្រទេសកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករលើសពី១លានតោន ក្នុងឆ្នាំ២០២៦ នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោនហើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មកម្ពុជាទាំងមូល៕

To Top