Feature

កម្ពុជា ស្វាគមន៍ការគាំទ្ររបស់ក្រូអាស៊ី តាមរយៈចែករំលែកបទពិសោធ ដើម្បីឱ្យបោសសម្អាតមីននៅកម្ពុជា កាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ កម្ពុជា បានស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈចែករំលែកបទពិសោធ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

នេះជាការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman) រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈ លោករដ្ឋមន្ដ្រី បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ បានបង្ហាញពីឆន្ទៈនយោបាយមុតមាំនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត ដែលរង់ចាំតែការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗទៀត ដើម្បីអនុវត្តជាក់ស្តែងលើស្មារតី ដែលបានព្រមព្រៀងគ្នាហើយនោះ។

សម្ដេច ឃួន សុដារី បានលើកឡើងថា កម្ពុជា និងក្រូអាស៊ី មានលក្ខណៈស្រដៀងគ្នាជាច្រើន ពិសេសជាប្រទេសតូចនិងធ្លាប់ទទួលរងគ្រោះពីការឈ្លានពានពីរដ្ឋខាងក្រៅដូចគ្នា។ កម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សម្ដេច មានប្រសាសន៍ថា «កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា ការចែករំលែកបទពិសោធនិងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត»។

សម្តេច និងលោក ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ បានពិភាក្សាគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងជឿទុកចិត្ត លើបញ្ហាប្រឈមរបស់សកលលោក ពិសេសការធ្លាក់ចុះសណ្តាប់ធ្នាប់សកល។

សម្តេច បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសតូចដូចគ្នា កម្ពុជានិងក្រូអាស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការទូតសភា ពង្រឹងពហុភាគីនិយម ដើម្បីជាខែលការពារពីព្រោះបច្ចុប្បន្ននេះមានការលេចឡើងនូវទស្សនៈដែលថា ប្រទេសធំត្រូវតែឈ្នះ៕

To Top