កម្ពុជា ប្រារព្ធទិវាស្តង់ដារពិភពលោក ដោយផ្តោតលើតួនាទីស្តង់ដារ ក្នុងការលើកកម្ពស់ថាមពលស្អាត
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្ពុជា បានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។
ទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន»។

ថ្លែងក្នុងពិធីបើកទិវានេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា «យើងត្រូវបង្វែរការអបអរសាទរ ទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦ នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និង សុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជា មានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង»
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូប ទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកលទ្វេដង ត្រឹមឆ្នាំ២០៣០។
អង្គការស្តង់ដារអន្តរជាតិ រួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារ ដូចជាបន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត។
លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូងស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី៕
