ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ៖ យានយន្តអគ្គិសនីជួយសន្សំសំចៃ និងងាយស្រួលគ្រប់គ្រងការចំណាយប្រចាំខែ

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលអាចជួយប្រជាពលរដ្ឋសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ ងាយស្រួលប៉ាន់ប្រមាណថវិកាសម្រាប់ការធ្វើដំណើរ កាត់បន្ថយចំណាយលើការថែទាំមួយចំនួន និងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ លោករដ្ឋមន្ត្រីថ្លែងក្នុងកម្មវិធី Podcast «កញ្ចក់ទិព្វ» យប់ថ្ងៃទី១៩ តុលា ថា៖ «យើងឃើញថា អ្នកដែលប្រើប្រាស់យានយន្តអគ្គិសនី គាត់អាចគ្រប់គ្រងការចំណាយរបស់គាត់បានល្អជាងការដែលយើងប្រើប្រាស់ប្រេងឥន្ធនៈ ពីព្រោះតម្លៃសាកថ្មគឺអត់ប្រែប្រួលទេ ទោះបីជាប្រេងឡើងថ្លៃយ៉ាងម៉េច ប៉ុន្តែអគ្គិសនីកម្ពុជារបស់យើង គឺរក្សាតម្លៃអគ្គិសនីដដែល»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់យានយន្តអគ្គិសនី គឺការកាត់បន្ថយចំណាយលើការថែទាំ បើប្រៀបធៀបនឹងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដោយសារយានយន្តអគ្គិសនីមានប្រព័ន្ធមេកានិចសាមញ្ញជាង និងមិនត្រូវការការថែទាំមួយចំនួន ដូចជាការប្តូរប្រេងម៉ាស៊ីន។ ទន្ទឹមនឹងនេះ ការប្រើប្រាស់យានយន្តអគ្គិសនីក៏រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយផ្សែងពីយានយន្តនៅពេលបើកបរផងដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមថា…

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលអាចជួយប្រជាពលរដ្ឋសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ ងាយស្រួលប៉ាន់ប្រមាណថវិកាសម្រាប់ការធ្វើដំណើរ កាត់បន្ថយចំណាយលើការថែទាំមួយចំនួន និងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។

លោករដ្ឋមន្ត្រីថ្លែងក្នុងកម្មវិធី Podcast «កញ្ចក់ទិព្វ» យប់ថ្ងៃទី១៩ តុលា ថា៖ «យើងឃើញថា អ្នកដែលប្រើប្រាស់យានយន្តអគ្គិសនី គាត់អាចគ្រប់គ្រងការចំណាយរបស់គាត់បានល្អជាងការដែលយើងប្រើប្រាស់ប្រេងឥន្ធនៈ ពីព្រោះតម្លៃសាកថ្មគឺអត់ប្រែប្រួលទេ ទោះបីជាប្រេងឡើងថ្លៃយ៉ាងម៉េច ប៉ុន្តែអគ្គិសនីកម្ពុជារបស់យើង គឺរក្សាតម្លៃអគ្គិសនីដដែល»។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់យានយន្តអគ្គិសនី គឺការកាត់បន្ថយចំណាយលើការថែទាំ បើប្រៀបធៀបនឹងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដោយសារយានយន្តអគ្គិសនីមានប្រព័ន្ធមេកានិចសាមញ្ញជាង និងមិនត្រូវការការថែទាំមួយចំនួន ដូចជាការប្តូរប្រេងម៉ាស៊ីន។ ទន្ទឹមនឹងនេះ ការប្រើប្រាស់យានយន្តអគ្គិសនីក៏រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយផ្សែងពីយានយន្តនៅពេលបើកបរផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីកំពុងបន្តកើនឡើងជាសកល ដោយសារតម្លៃយានយន្តកាន់តែមានភាពធូរថ្លៃ បច្ចេកវិទ្យាថ្មកាន់តែប្រសើរឡើង និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មកំពុងត្រូវបានពង្រីក និងធ្វើឱ្យកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់។

​លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន ហ្ស៊ូ ម៉ូទ័រ (ខេមបូឌា) បានឱ្យដឹងថា ការជំរុញការប្រើប្រាស់ និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ អភិវឌ្ឍជំនាញបច្ចេកទេសដល់កម្លាំងពលកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ថាមពលស្អាតផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងវិនិយោគប្រមាណ ៤៦លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់ ដែលជាតំបន់មានសក្តានុពលផ្នែកថាមពលស្អាត និងថាមពលអគ្គិសនី ស្របនឹងទិសដៅអភិវឌ្ឍយានយន្តអគ្គិសនី។ តាមការគ្រោងទុក រោងចក្រនេះអាចបង្កើតការងារបានប្រមាណ ៤២៨កន្លែង ដោយមិនទាន់រាប់បញ្ចូលឱកាសការងារបន្ថែមក្នុងវិស័យលក់ និងសេវាកម្មក្រោយការលក់នោះទេ។

ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហាញពីឆន្ទៈក្នុងការបន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងយានយន្តអគ្គិសនី ជាពិសេសការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងការបំប្លែងជំនាញរបស់ជាងជួសជុលយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី៕

To Top