ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំ និង ធ្វើជាម្ចាស់ផ្ទះយ៉ាងអធិកអធមនូវ «វេទិកាសន្ទនា ស្តីពីការសម្របសម្រួលទេសចរណ៍ តាមបណ្តោយព្រំដែន និងការផ្គូផ្គងវិនិយោគទេសចរណ៍ទ្វេភាគីរវាង កម្ពុជា-ឡាវ»
ការរៀបចំនេះ ធ្ វេីឡេីងក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី សួនសាវ៉ាន់ វីញ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងពិធីនោះ លោក សរ សុពុត្រា អភិបាល ខេត្តស្ទឹងត្រែង បានរំលេចថា ព្រឹត្តិការណ៍នេះគឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការលើកកម្ពស់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងខេត្តជិតខាងរបស់ឡាវ ដូចជាខេត្តចំប៉ាសាក់ និងខេត្តអត្តពើ ឱ្យកាន់តែមានភាពរស់រវើក ។
ចំណែកឯ លោកស្រី សួនសាវ៉ាន់ វីញ៉ាកេត បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែននឹងផ្តល់ប្រាក់ចំណូលដោយផ្ទាល់ដល់អាជីវកម្មក្នុងស្រុក និងសហគមន៍។
លោកស្រី ក៏បានអំពាវនាវ ដល់អ្នកវិនិយោគនៃប្រទេសទាំងពីរ ឱ្យប្រើប្រាស់វេទិកានេះក្នុងការផ្លាស់ប្តូរព័ត៌មាន និងកសាងបណ្តាញអាជីវកម្មលើវិស័យទេសចរណ៍ កសិកម្ម និងនវានុវត្តន៍ឌីជីថល។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានដាក់ចេញនូវទិសដៅការងារអាទិភាព ដោយផ្តើមពីការសម្របសម្រួល ឱ្យទេសចរឆ្លងកាត់ច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន កាន់តែមានសុវត្ថិភាព និងងាយស្រួល។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរ រំពឹងថា វេទិកានេះនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងឡាវ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ៕







