ក្រសួងការងារ ជំរុញនិស្សិតជ័យលាភី អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែក អភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ក្នុងឱកាសនេះ លោកស្រីបានលើកទឹកចិត្ត ឱ្យនិស្សិតខិតខំសិក្សា ស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយ ព្រមទាំងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកប ដោយគុណភាព សម្រាប់ការអភិវឌ្ឍកម្ពុជា ។

លោកស្រី ក៏បានណែនាំឱ្យនិស្សិតទាំងអស់កំណត់គោលដៅសិក្សា និងអាជីពឱ្យ បានច្បាស់លាស់ សម្របខ្លួនទៅតាមវប្បធម៌នៃប្រទេសគោលដៅ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ និស្សិតត្រូវប្រើប្រាស់ចំណេះដឹង និងហេតុផល គោរពច្បាប់ និងគោលការណ៍ការទូត ព្រមទាំងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ទន្ទឹមនឹងការខិតខំសិក្សា និស្សិតគួរកសាងបណ្ដាញទំនាក់ទំនងល្អ ជាធ្លុងមួយជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់ អ្នកជំនាញ និងសហគមន៍ខ្មែរនៅ ក្រៅប្រទេស ព្រមទាំងរក្សាសាមគ្គីភាព និងចូលរួមសកម្មភាពសង្គម ។

លោកស្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិន អាស្រ័យតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសមត្ថភាពប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុមផងដែរ។ ដូច្នេះ និស្សិតត្រូវចេះរក្សាតុល្យភាពរវាងការសិក្សា ការសម្រាក និងការថែទាំសុខភាព។

ជាមួយគ្នានេះ លោកស្រីបានពន្យល់បង្ហាញឱ្យប្អូនៗនិស្សិតប្រើប្រាស់ឯកសារគោលនយោបាយ និងទិន្នន័យទីផ្សារការងារដែលមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការសិក្សា និងឈ្វេងយល់ពីតម្រូវការធនធានមនុស្សនៅកម្ពុជា។ ជាមួយនឹងពាក្យជូនពរ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងសម្រេចបានជោគជ័យក្នុងការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម ហើយយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅប្រើប្រាស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕






