Feature

យុទ្ធនាការចុះល្បាត និងបង្ក្រាបបទល្មើស នៅតំបន់គិរីរម្យ ខេត្តកំពង់ស្ពឺ បាន ៥០ករណី រយៈពេល ២ខែ

ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការ គាប់ គាស់ រុករាន ឆ្ការដុត និងដាំដំណាំ គោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន ចំនួន១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។

មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធី នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ចាក់ថា ក្នុងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ រយៈពេល ២ ខែចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦) មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ សរុបចំនួន ៥០ ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ។

ក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិ ដើម្បីការរស់នៅរបស់ប្រកបដោយចីរភាព។

អនុលោមតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ជាពិសេសការផ្តោតលើមុំយុទ្ធសាស្ត្រទី២.១ គឺ «ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់» ក្រុមមន្រ្តីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ នឹងបន្តយុទ្ធនាការចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមទៀត៕

To Top