Feature

ប្រមុខការទូតខ្មែរ ៖ កិច្ចប្រជុំ UNCLOS លើកទី២ ផ្តល់វឌ្ឍនភាពក្នុងការកសាងទំនុកចិត្ត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា-ថៃ បានផ្តល់នូវ វឌ្ឍនភាពជាក់ស្តែង ក្នុងការកសាងទំនុកចិត្ត និងធ្វើឱ្យគណៈកម្មការកាន់តែយល់ច្បាស់អំពីជំហររបស់កម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីលទ្ធផល នៃកិច្ចប្រជុំលើកទី២គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា-ថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ដែលបានបិទបញ្ចប់នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថា គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ប្រកាសវិធានការកសាង​ ទំនុកចិត្តរវាងកម្ពុជា-ថៃ ។

លោកថា វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។

រដ្ឋមន្រ្តីបន្ថែមថា សំណុំវិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មាន របស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនសង្កត់ធ្ងន់ថា “ការពិភាក្សាគ្នា មានលក្ខណៈបច្ចេកទេសខ្លាំងណាស់ វិជ្ជាជីវៈខ្ពស់ ប៉ុន្តែអ្វីដែលយើងសប្បាយចិត្ត គឺមានលក្ខណៈស្ថាបនា ។ ហេតុនេះ គឺជារួមយើងពេញចិត្ត ហើយត្រូវបានលើកទឹកចិត្ត ដោយសារតែកិច្ចប្រជុំលើកទី២នេះ គឺបានផ្តល់មកនូវភាពជឿនលឿន ។ ឧទាហរណ៍ កញ្ចប់នៃវិធានការកសាងទំនុកចិត្ត និងការពន្យល់ឱ្យគណៈកម្មការកាន់តែយល់ច្បាស់ ពីជំហររបស់កម្ពុជា” ។

រដ្ឋមន្រ្តីបញ្ជាក់ទៀតថា គណៈ-កម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ថៃអនុវត្តការប្តេជ្ញាចិត្ត ដែលនឹងជួយបង្កើតបរិយាកាសអំណោយផល សម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សានេះ៕

To Top