ទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅ
ភ្នំពេញ ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន បាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងវេទិកាអង្គរលើកទី១ នៃកិច្ចប្រជុំកំពូលលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន លោកស្រីបណ្ឌិត គឹម សេដ្ឋានី បញ្ជាក់ថា ក្នុងទំនាក់ទំនងជាមិត្តភាពដែកថែបកម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ រួមមាន ៖ នយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
លោកស្រីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ។

លោកស្រីអះអាងថា ក្នុងយុគសម័យនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងទេសចរណ៍ គឺជាសសរស្ដម្ភគន្លឹះដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានក្នុងការបើកច្រកទ្វារនវានុវត្តន៍ កាលានុវត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
បន្ថែមលើនេះ លោកស្រីបណ្ឌិតជឿជាក់ថាវេទិកានេះ នឹងក្លាយជាស្ពានតភ្ជាប់ និងជាវេទិកាដ៏មានតម្លៃសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់ ដែលផ្ដល់នូវលទ្ធផលជាក់ស្ដែងសម្រាប់បម្រើផលប្រយោជន៍រវាងប្រទេសទាំងពីរ ៕

