ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់ទៅលោក អ៊ុំ សំអានថា ជំហរសម្តេចមិនប្រែប្រួល ហៅលោកចូលស្រុក ឱ្យយកឯកសារពាក់ព័ន្ធ បង្គោលព្រំដែន៥២-៥៩

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅកាន់លោក អ៊ុំ សំអានថា ជំហររបស់សម្តេចមិនប្រែប្រួល ដែលហៅលោកមកចូលស្រុក ដោយអនុញ្ញាតឱ្យនាំយកឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង៥៩មកជជែកទល់មុខគ្នា ។


ក្នុ
ងសារជាថ្មីរបស់សម្តេចធិបតី ជាលើកទី៤ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះផ្ញើទៅកាន់លោក អ៊ុំ សំអានសម្តេចធិបតីបញ្ជាក់ថា សម្តេចស្វាគមន៍ ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះលោកអ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារ ជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោ ដែលបានចោទប្រកាន់ រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ ។

សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ” ។ ការលើកឡើងជាថ្មីរបស់សម្តេចធិបតីនេះ បន្ទាប់ពីលោក អ៊ុំ សំអាន អះអាងថា លោកនឹងបញ្ជូនគណៈប្រតិភូ ដែលតំណាងឱ្យលោកទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ លោកអះអាងទៀតថា លោកនឹងធ្វើលិខិតជាផ្លូវការ ដើម្បីជាការឆ្លើយតប ចំពោះការអញ្ជើញ របស់សម្តេចធិបតីហ៊ុន ម៉ាណែត ហើយលោកនឹងបញ្ជូន ឈ្មោះគណៈប្រតិភូ ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុនចុងខែតុលានេះ៕

To Top