ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់ លក្ខខណ្ឌមួយចំនួនទៅលោក អ៊ុំ សំអាន ក្នុងករណីលោកបញ្ជូនតំណាងមកកម្ពុជា ជជែកព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ដើម្បីឱ្យមានភាពច្បាស់លាស់ សម្តេចបញ្ជាក់លក្ខខណ្ឌមួយ ចំនួន សម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នា ពាក់ព័ន្ធបង្គោលព្រំដែន ចំនួន២នៅតាមព្រំដែនកម្ពុជា-ថៃ ដែលនឹងកើតមាននៅពេលខាងមុខ ជាមួយក្រុមតំណាងរបស់លោក អ៊ុំ សំអាន ក្នុងករណីលោកអះអាងថា នឹងបញ្ជូនតំណាងមកកម្ពុជា ។
ជាសារឆ្លើយតបទៅកាន់លោក អ៊ុំ សំអាន ជាថ្មីម្តងទៀត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះសម្តេចធិបតីបញ្ជាក់លក្ខខណ្ឌទាំងនោះ ត្រូវជជែកគ្នា ដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នា ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវរៀបចំក្រុម ជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណា ដែលលោកមានដើម្បីមកផ្ទៀងផ្ទាត់គ្នា នៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះ ដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា លក្ខខណ្ឌមួយទៀត គឺមិនត្រូវធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយឱ្យខ្លី គឺកុំធ្វើជាត្រីងៀតឆ្លៀតពង។

លក្ខខណ្ឌមួយទៀតរបស់សម្តេចធិបតីបញ្ជាក់ទៅកាន់លោក អ៊ុំ សំអាន គឺថា កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ត្រូវមកដល់កម្ពុជាមិនច្រើនជាង២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់ ។ សម្តេចបញ្ជាក់ថា ការធានារបស់សម្តេចគឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ ៕

To Top